Connect with us

ព័ត៌មានជាតិ

ទុរគតជនដែលមានជំងឺរ៉ាំរ៉ៃចំនួន ០១គ្រួសារ នៅស្រុកគាស់ក្រឡ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះដើម្បីជួយសម្រួលការលំបាករបស់ទុរគតជនដែលជាជនចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់តំណាងសាខាដឹកនាំដោយ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាខេត្ត និងសហការី ចូលរួមដោយប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ របស់សាខាខេត្តដែលបានទទួលពីសប្បុរសជនក្នុងឱកាសទិវា០៨ ឧសភា ផ្តល់ជូនដល់គ្រួសារទុរគតជនដែលជាជនចាស់ជរា និងមានជំងឺរ៉ាំរ៉ៃចំនួន០១គ្រួសារ រស់នៅជាមួយកូនស្រីក្នុងបន្ទុកស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

មានមតិសំណេះសំណាលនាពេលនោះ លោក កុសុម សុភីនារ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារខ្វះស្បៀងអាហារនោះទេ។

លោកនាយកសាខា បានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឱ្យកើតជាមូសខាំដល់កូនចៅ និងក្រុមគ្រួសារយើង បណ្តាលឱ្យកើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឱ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់គ្រួសារខាងលើរួមមាន៖ ,អង្ករ៥០គីឡូក្រាម ,ត្រីខ២យួរ ,មី២កេស ,ទឹកសុទ្ធ២កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ឃីត១កញ្ចប់ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ ៕