Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ថ្លែងអំណរគុណពលរដ្ឋស្រុកកំចាយមារ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកកំចាយមារ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ស សុខា បានលើកឡើងថា ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបតែបញ្ចប់ថ្មីៗ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកតា លោកយាយ អ៊ំ ពូមាមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបេក្ខជនគណបក្ស ដែលបានឈរឈ្មោះ ។

ឯកឧត្តម ស សុខា ក៏បានលើកឡើងដែរថា ជាការពិតក្នុងការបោះឆ្នោតកន្លងទៅនេះ មានគណបក្សនយោបាយ ចូលរួមច្រើន ហើយក៏មានប្រជាពលរដ្ឋតិច ឬច្រើន បានបោះឆ្នោតគាំទ្រគណបក្សដែលពេញចិត្តរៀងៗខ្លួន ។ គ្រាន់តែលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនរហូតអាចឈ្នះបានអាសនៈ មេឃុំ ចៅសង្កាត់ ស្ទើទូទាំងប្រទេស ។ នេះជាដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងអស់រយៈពេល ២០ឆ្នាំមកហើយ ។

ជាមួយគ្នានោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការអញ្ជើញទៅបោះឆ្នោតគ្រប់ៗអាណត្តិ មិនថាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតតំណាងរាស្រ្តនោះទេ វាជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងបានទាត់ចោលជាស្វ័យប្រវត្តិរាល់ចេតនាអ្នកនយោបាយប្រឆាំងមួយចំនួន ចេះតែប៉ុនប៉ងញុះញង់ប្រជាពលរដ្ឋ ឲ្យគាំទ្រការដណ្ដើមអំណាចតាមមធ្យោបាយហិង្សា និងខុសច្បាប់ ដែលធ្លាប់ផ្ដល់មេរៀនជូរចត់រួចហើយកាលពីអតីតកាល ។
ឯកឧត្តម ស សុខា ក៏សូមអរគុណដូចគ្នាដែរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតតាមឆន្ទៈរៀងៗខ្លួន ជាពិសេសបានចូលរួមធ្វើអោយដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ សម្របសម្រួលដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រប់លំដាប់ថ្នាក់ ។

ជុំវិញការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបនេះ ឯកឧត្តម ស សុខា ថ្លែងថាគឺជាការផ្ដល់យុត្តិធម៌មិនអាចប្រកែកបានមកលើថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ហើយដែលពួកគាត់សុទ្ធតែបានលះបង់ពេលវេលា និងធនធាន អស់ពីកម្លាំងកាយ ចិត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រយូរមកហើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏សូមចូលរួមសោកស្ដាយ និងរំលែកសេចក្ដីទុក្ខព្រួយជាមួយបងប្អូនប្រជាកសិករទូទាំងប្រទេស ដែលនៅឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន បានបង្កឲ្យប៉ះពាល់ដល់ដំណើរការធ្វើស្រូវវស្សា ។ បើតាមរបាយការណ៍មានស្រែខ្លះក៏ខូចស្រូវអស់ ដោយសារតែទឹកលិចស្រែ ហើយខ្លះទៀតក៏មិនអាចសាបព្រោះបាន ដោយសារតែទឹកជនជោរច្រើន ។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គ្រាន់តែនៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ យ៉ាងហោចណាស់មានរាជធានី-ខេត្ត ចំនួន ៤ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ បានទទួលរងការខូចខាត ប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗប្រមាណជិត ១ម៉ឺនហិកតា ដោយសារជំនន់ទឹកភ្លៀង ។

ជាការកត់សម្គាល់ ជុំវិញការខូតខាត និងប៉ះពាល់ខាងលើនេះ ឯកឧត្តម ស សុខា ជឿជាក់ថា ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រាកដជាខិតខំប្រើគ្រប់មធ្យោបាយដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ និងសង្ឃឹមថា អាកាសធាតុនឹងអំណោយផលមកវិញ នាពេលខាងមុខឆាប់ៗនេះ ដើម្បីឱ្យបងប្អូនប្រជាកសិករ អាចចាប់ផ្ដើមធ្វើស្រែបន្តទៀត ។

ឯកឧត្តម ស សុខា បានស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំចាយមារ បន្តយកចិត្តទុកដាក់ដល់កិច្ចការសុខសន្តិភាព ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនការប្រកាន់បក្សពួក ឬនិន្នាការនយោបាយ បង្កើនស្មារតីសាមគ្គីភាពទាំងក្នុងរង្វង់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ស្មោះត្រង់ជាមួយជាតិ និងប្រជាជននៅក្នុងការបំពេញភារកិច្ច ពិសេសការសម្រេចចិត្ត និងប្រើប្រាស់ថវិកាអភិវឌ្ឍឃុំ ខិតខំរិះរកវិធីសាស្រ្តអនុវត្ត ឱ្យបានល្អនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀនដែលជាប្រភពបញ្ហាអសន្តិសុខក្នុងសង្គម និងបន្តយកចិត្តទុកដាក់ដល់កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានអំពាវដល់បងប្អូនដែលបានអញ្ជើញចូលរួម សូមត្រៀមលក្ខណៈចាប់ផ្ដើមបង្កបង្កើនផលឡើងវិញនៅពេលអាកាសធាតុល្អ ជាមួយគ្នានោះបើមានការខ្វះខាតពូជស្រូវ សូមរាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ សូមព្យាយាមបញ្ចូលការប្រើប្រាស់ជីធម្មជាតិ មានលាមកសត្វ និងជីកំប៉ុសជាដើម ដើម្បីកាត់បន្ថយការចំណាយលើជី ដែលកំពុងឡើងថ្លៃ សូមត្រៀមលក្ខណៈទប់ទឹកសម្រាប់ប្រើប្រាស់នៅក្រោយឥទ្ធពលភ្លៀងថមថយ សូមប្រយ័ត្នករណីក្មេងលង់ទឹក (របាយការណ៍ព័ត៌មានករណីលង់ទឹកមានច្រើន) សូមរស់នៅប្រកដោយអនាម័យ ពិសេសក្នុងរដូវភ្លៀងនេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដូសតាមកាលណាត់របស់គ្រូពេទ្យ សូមមានស្មារតីស្រឡាញ់រាប់អានអ្នកភូមិផងជាមួយគ្នាអោយដូចមុនការបោះឆ្នោត សូមកុំឱ្យមានការប្រកាន់និន្នាការនយោបាយ ធ្វើឱ្យប្រេះឆាញាតិមិត្តភូមិផង និងសូមផ្ដល់ការគាំទ្រ និងជួយធ្វើជាភ្នែកជាច្រមុះ ឱ្យអាជ្ញាធរដែនដី ក្នុងកិច្ចការផ្សេងៗ ពិសេសការអភិវឌ្ឍមូលដ្ឋាន និងការទប់ស្កាត់បទល្មើសជាអាទិ៍៕