មាន​អាការៈ​បែប​ហ្នឹង​​បង្ហាញ​ថា ​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​​​ ​​​ប្រញាប់​​​ទៅ​ពិគ្រោះ​ជាមួយ​​ពេទ្យ​ជំនាញ​ជាបន្ទាន់​…!!!​

1193

ភ្នំពេញ ៖ ​បច្ចុប្បន្នភាព​ការ​មក​ពិគ្រោះ និង​ទទួល​សេវា​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ ​មិត្តភាព​ខ្មែរ ​សូ​វៀត​មានការ​កើន​ឡើង​ប្រមាណ​ជា​៣០០ ​ទៅ​៥០០​នាក់​ក្នុង​មួយថ្ងៃ ​ដោយសារតែ​កត្តា ​៣​យ៉ាង​ ​ដោយ​ខុសប្លែក​ជាង​កាលពី​៥​ឆ្នាំមុន​។

ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត ​និង​ការបំពាន​គ្រឿងញៀន​ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា បាន​លើកឡើងថា នា​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ថា ​ការកើតឡើង​ជំងឺ​ផ្លូវចិត្ត​នេះ ​ដោយសារតែ​កត្តា ​៣​យ៉ាង​គឺ​កត្តា ​សង្គមសាស្ត្រ ​កត្តា​ជីវសាស្ត្រ ​និង​កត្តា​ចិត្តសាស្ត្រ ​ហើយ​គ្មាន​អ្នកណាម្នាក់ ​អាច​គេច​ផុត​ពី​ជំងឺ​ផ្លូវចិត្ត​បាន​នោះទេ ​ព្រោះ​មនុស្ស​គ្រប់គ្នា​រស់​នៅក្នុង​សង្គម​។

លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា​ លើកឡើងថា​ ជម្ងឺ​ផ្លូវចិត្ត​លេចឡើង​នូវ​រោគសញ្ញា​ផ្សេងៗ​គ្នា ទៅ​តាម​ក្រុម​កម្រិត​នៃ​ជំងឺ​ផ្លូវចិត្ត​។​ ក្នុង​នោះ​ជំងឺ​ថប់​អារម្មណ៍ ​ដែល​ដើរតួរ​ជាងគេ​មាន​រោគសញ្ញា ​ដូចជា ឈឺក្បាល ​វិលមុខ ​ស្រវាំងភ្នែក ​ស្ងួត​មាត់ ​រោយ​ក​ ពិបាក​ដកដង្ហើម ​តឹង​ណែន​ទ្រូង​ ចុក​ទ្រូង​ បេះដូង​ដើរ​ញាប់​ ឈាម​ឡើង​ ត្រជាក់​ចុង​ដៃ​ជើង​ ចុក​រោយ​សាច់ដុំ ​អស់កម្លាំង​ល្ហិតល្ហៃ​ ចុកឆ្នុក​ ឈឺ​ក្រពះ បត់ជើងតូច​ញឹក​ រដូវ​មិន​ទៀង ​ឆាប់​ភ័យ ​បារម្ភ​ពីអ្វី​មិនទាន់​កើត ​គំនិត​អវិជ្ជមាន ​គេង​យល់​សប្តិ​ច្រើន គេង​មមើ​គេង​ភ្ញាក់ៗ ​មិន​ហ៊ាន​ទៅមក​ទីណា​តែឯង​ជាដើម ។​ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​រោគ​សញ្ញា ដូចជា មាន​អារម្មណ៍​ឯកោ ​អស់សង្ឃឹម ​គេង​មិនបាន​ ញ៉ាំ​មិនបាន ​ស្រក​ទម្ងន់ ដក​ខ្លួន​ចេញពី​សង្គម​ រឺ​គ្រួសារ ចង់​នៅតែ​ឯង ​រីឯ​អ្នកខ្លះ​មានគំនិត មាន​គម្រោង​ធ្វើ​អត្តឃាត ​រឺក៏​ឈាន​ធ្វើ​អត្តឃាត​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ​រោគសញ្ញា​ចុងក្រោយ​នៃ​ជំងឺ​វិកល​ចរិត​អាច​មាន​ដូចជា​ អាច​ស្ដាប់​លឺ រឺ​មើល​ឃើញ​អ្វី ដែល​មនុស្ស​ធម្មតា​មើល​មិន​ឃើញ​រឺ​ស្ដាប់​មិន​លឺ​ ដែល​ហៅថា​សញ្ញា​មមាល​។ លោក​វេជ្ជបណ្ឌិត ​ស្នើសុំ​ឲ្យ​មនុស្ស​គ្រប់គ្នា​ តាមដាន​រាល់​រោគសញ្ញា​ទាំងនេះ ​បើ​ប្រទះឃើញ​ត្រូវតែ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​ផ្លូវចិត្ត​ជាបន្ទាន់​៕

ចំណែក