Connect with us

ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះជាង១០ខ្នងនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង! សេចក្តីរាយការណ៍បឋមបានអោយដឹងថា យ៉ាងហោចណាស់ផ្ទះចំនួន ១២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចរាប់រយនាក់ចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី០៥ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះដែរផ្តើមចេញពីផ្ទះរបស់ឈ្មោះ អ៊ា អេងហុង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់ពូក និងបន្តឆេះរាលដាលឆ្លងដល់ផ្ទះជិតខាងជាប់គ្នា(ផ្ទះល្វែង)ប្រមាណចំនួន ១១ខ្នងផ្ទះទៀតដែលជាប្រភេទផ្ទះសង់អំពីឈើ និងដែក ដំបូលប្រក់ស័ង្កសី ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងកងកម្លាំងទាំងបីប្រភេទ រួមជាមួយរថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿងចេញជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១២ឡានផងនោះទើបទទួលបានជោគជ័យមិនបណ្តាលឲ្យឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងបន្ថែម ។

សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូចខាតរហូតមកដល់ពេលនេះនៅមិនទាន់ក្តាប់បាននៅឡើយទេ រីឯមូលហេតុស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ។