តុលាការ​ខេត្ត​បាត់ដំបង​ ​បញ្ជា​ឲ្យ​តាម​ចាប់ ​និង​ឃុំខ្លួន​ស្ត្រី​ម្នាក់ ​ពី​បទ​ឆបោក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ ពី​ជនរងគ្រោះ

9668

បាត់ដំបង​ ៖ ​ចៅក្រម​ជំនុំជម្រះ​របស់​សាលាដំបូង​ ​ខេត្តបាត់ដំបង ​​ចេញ​ដីកា​បញ្ជា​ឲ្យ​តាម​ចាប់​ និង​ឃុំខ្លួន​ស្ត្រី​ម្នាក់ ​រកស៊ី​លក់​អចលនវត្ថុ​ ក្រោយពី​ស្ត្រី​រូបនេះ ​បាន​ឆបោក​លុយ​ពី​ជនរងគ្រោះ​​ប្រមាណ​ជិត​​១០ ម៉ឺន​ដុល្លារ​។

យោង​តាម​ដីកា​របស់​តុលាការ​សាលាដំបូង​ខេត្តបាត់ដំបង​ ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ទទួល​បាន​​នា​ពេលនេះ ​​បានឲ្យដឹងថា ​ស្ត្រី​រូបនេះ ​មានឈ្មោះ លេង សុគ​ន្ធី ​អាយុ​៣៧​ឆ្នាំ​ មុខរបរ​លក់​អចលនវត្ថុ មាន​ ទីកន្លែង​កំណើត​ភូមិ​ថ្លា ឃុំ​ច្រនៀង​ ស្រុក​បារាយ ​ខេត្តកំពង់ធំ​ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៧៨៥ ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ​តែ​បច្ចុប្បន្ននេះ ​កំពុង​រត់គេចខ្លួន​។

ប្រភព​ដដែល​​ បាន​បញ្ជាក់ទៀតថា ​ស្ត្រី​រូបនេះ ​ត្រូវបាន​តុលាការ​សម្រេច​ដាក់​ពន្ធ​ធនាគារ​ចំនួន​២​ឆ្នាំ ពី​បទ​ឆបោក គិត​ពី​ថ្ងៃ​ចាប់ខ្លួន​ និង​បាន​បង្គាប់​ឲ្យ​ជននេះ ​សង​ប្រាក់​ទៅ​ម្ចាស់​ឈ្មោះ ហ្គូ​យ​ សុខលី​ណា ​មាន​ទឹកប្រាក់​ចំនួន​៩៧,៣៥៣​ដុល្លារ ​ព្រមទាំង​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៥,០០០​ដុល្លារ​ទៀត​។

​​បើយោង​តាម​​ដើមបណ្តឹង​ឈ្មោះ ហ្គូ​យ សុខលី​ណា ដែល​ជា​ជនរងគ្រោះ​ ​បាន​​ប្រកាស​ស្វែងរក​ការ​ចាប់ខ្លួន​ជន​ឆបោក​ដែល​មាន​ឈ្មោះ លេង សុគ​ន្ធី ​ជា​សាធារណៈ​ថា ​បើ​បងប្អូន​ណា​បាន​ឃើញ ឬ​កម្លាំង​សមត្ថកិច្ច​ទូទៅ​ ឬ ​សមត្ថកិច្ច​ណា​ចាប់ខ្លួន​ពិរុទ្ធជន​ខាងលើនេះ ​បាន​យក​មក​ប្រគល់​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង​ នាង​ខ្ញុំ​ ដែល​ជា​មា្ចស់​ដើម​បណ្តឹង​នឹង​មាន​ជូន​ជា​សគុណ ​លើកទឹកចិត្ត​ជូន​ចំពោះ​អ្នក​ដែល​បាន​ចាប់ខ្លួន​ស្រី្ត​ឆបោក​មា្នក់​ផងដែរ​៕

និពន្ធដោយ ៖ 096 49 39 998

ចំណែក