ថវិកា​របស់​សហគមន៍​អឺរ៉ុប​ ​ជាង​៨៧​លាន​អឺរ៉ូ​ ផ្ដល់​គាំទ្រ​ក្នុង​វិស័យ​កសិកម្ម ​និង​ការ​ចិញ្ចឹម​ត្រី

147

ភ្នំពេញ ​៖ នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ឆ្នាំ​២០១៨​នេះ សហភាព​អឺរ៉ុប ​បាន​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ជាង ៨៧​លាន​អឺរ៉ូ​សម្រាប់​ការ​គាំទ្រ​ការ​ធ្វើអោយ​ប្រសើរឡើង ​ក្នុង​វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹម​ត្រី​។

 

ឯកឧត្តម ច​ច អ៊ី​ហ្គា ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យដឹង​កាលពី​​ថ្ងៃទី​៣ ​ខែសីហា​ម្សិលមិញ​នេះថា បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​កសិកម្ម ​ពិសេស​គម្រោងការ​ចិញ្ចឹម​សត្វ ​និង​ការផលិត​ចំណី​សត្វ ត្រូវ​បាន​អនុវត្ត​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ សហភាព​អឺរ៉ុប ​បាន​ប្រកាស​បន្ត​ការ​ផ្តល់​ជំនួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ​៨៦​លាន​អឺរ៉ូ ​សម្រាប់​ជំរុញ​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ក្នុង​វិស័យ​កសិកម្ម​ពិសេស​វិស័យ​ជលផល ​និង​ការ​ចិញ្ចឹម​ត្រី​។

ឯកឧត្តម បន្តថា បច្ចុប្បន្ន គម្រោង​ផ្តល់​ជំនួយ​នោះ ​គឺ​បាន​កំពុង​ស្ថិត​ក្នុងការ​ពិភាក្សា​ ដែល​នឹង​ត្រូវ​ធ្វើយ៉ាងណា​អោយ​វិស័យ​ផល​ផល និង​ការ​ចិញ្ចឹម​ត្រី នៅ​កម្ពុជា​ ក្នុង​រយៈពេល​៧​ឆ្នាំ​បន្ទាប់ នឹង​មាន​ភាព​ល្អប្រសើរ​ជាង​នេះ​។

នៅក្នុង​ឆ្នាំកន្លងមក សហគមន៍​អឺរ៉ុប ​បាន​ផ្តល់​ជំនួយ​ឥតសំណង​ជា​បន្តបន្ទាប់​ទៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ហើយ​នៅ​ក្នុង​គម្រោង​ជំនួយ​នោះ​ បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម​ សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​បសុសត្វ ​បាន​លើក​ឡើងថា​ សហភាព​អឺរ៉ុប ​ចាប់ពី​ឆ្នាំ​២០១៣​ បាន​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន​២០​លាន​អឺរ៉ូ ​ដើម្បី​អនុវត្ត​គម្រោង​ធ្វើ​អោយ​ប្រសើរឡើង​ក្នុង​ផលិតកម្ម​សត្វ ​និង​សុខភាព​សត្វ​ហើយ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​បញ្ចប់​នៅ​ឆ្នាំ​២០១៨​នេះ ​ហើយ​តាមរយៈ​ការអនុវត្ត​គម្រោង​របស់​សហភាព​អឺរ៉ុប ​បាន​ផ្លាស់ប្តូរ​​ឥរិយាបថ និង​បាន​ជំរុញ​អោយ​ប្រជាកសិករ​ជាច្រើន​បាន​ប្តូរ​មុខរបរ​ទៅ​ធ្វើជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​កើន​ឡើង​ប្រមាណ​២៤%​

បន្ទាប់ពី​គម្រោង​សហភាព​អឺរ៉ុប​មួយ​នេះ បាន​បញ្ចប់​ទៅ ​ឯកឧត្តម សេន​សុវណ្ណ បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​អនុវត្ត​គម្រោង​មួយ​នេះ​បន្តទៀត​ ពិសេស​ការ​បន្ត​ចលនា​ប្រឡងប្រណាំង​ការ​ចិញ្ចឹម​សត្វ ​និង​ផលិត​ចំណី​សត្វ ​និង​ធ្វើ​ការរៀបចំ​ទិវា​សត្វ​ជា​រៀង​រាល់ឆ្នាំ​នៅ​ថ្ងៃទី​៤ ខែតុលា​៕

ចំណែក