សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងតាមព្រំដែន ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ

35

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំង តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ សម្តេចក្រឡាហោម បាននាំយកអំណោយមួយចំនួន រួមមាន ៖ អង្ក មី សាប៊ូលាងដៃ ម៉ាស អាកុល ថវិការ ដល់មន្ត្រីរាជការ និងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តបំពេញភារកិច្ចការងារ បម្រើដល់ប្រជាពលរដ្ឋ ជាពិសេសបន្តទប់ស្កាត់ការរីករាលដាល ជំងឺផ្លូវដង្ហើមវីរុស Covid-19 ដែលកំពុងបង្កទុក្ខទោសមនុស្សជាតិទូទាំងសកលលោក ។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា វត្តមានរបស់សម្ដេចព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាឱកាសនេះ គឺជាការរួមគ្នាផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ដាអង្គភាព និងស្ថាប័នានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល ពិសេសក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងសមត្ថិកិច្ច និងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ រួមណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ បង្កលក្ខណៈសម្បត្តិជូនពលរដ្ឋរស់នៅតាមព្រំដែន និងពលរដ្ឋនៅក្នុងប្រទេសបានបំពេញការងារ អាជីវកម្ម និងធ្វើដំណើរចេញចូលប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព ៕

ដោយ ៖ សម្បត្តិសីហា

ចំណែក