លោក គឹម សុវណ្ណ នឹងធ្វើរបាយការណ៍ស្នើបិទយានដ្ឋាន កែច្នៃរថយន្តរបស់លោក ឆាយ ឈាន

345

បន្ទាយមានជ័យ ៖ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ថា លោកនឹងធ្វើរបាយការណ៍ស្នើបិទយានដ្ឋាន ជួសជុលកែច្នៃរថយន្តរបស់លោក ឆាយ ឈាន ទៅឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យដើម្បីសម្រេច ក្រោយរកឃើញថា មិនអនុវត្តទៅកិច្ចសន្យាដែលបានចុះជាមួយមន្ទីរ ។

ការឲ្យដឹងដូច្នេះ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីក្រុមគណៈកម្មការត្រួតពិនិត្យ ដឹកនាំដោយលោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់អូរអំបិល និងមន្ត្រីនគរបាលសណ្តាប់ធ្លាប់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលកែច្នៃរថយន្តធុនធំមួយកន្លែងរបស់លោក ឆាយ ឈាន ស្ថិតនៅខាងត្បូងផ្លូវជាតិ៥ ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយចុះផ្លូវក្រុមហ៊ុនទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបន្ទាប់ពីយានដ្ឋានមួយនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលកែច្នៃសង្ស័យខុសលក្ខណៈបច្ចេកទេស ចេញពីទីតាំងរបស់ខ្លួនទៅបុកបណ្ណាគារបន្ទាយស្រី ដែលនៅទល់មុខគ្នា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

យោងតាមការចុះពិនិត្យ របស់គណៈកម្មការខាងលើ យានដ្ឋានខាងលើមានច្បាប់ត្រឹមតែជួសជុលរថយន្តតែប៉ុណ្ណោះ តែសកម្មភាពជាក់ស្តែង យានដ្ឋាននេះ បានកែច្នៃ និងតំឡើងរថយន្តធុនធំដូចជា ៖ រថយន្តដឹកទំនិញ និងរថយន្តបែនកង់១០ កង់១២  ដោយកាត់ត កែច្នៃសាក់ស៊ី កែប៉ុង តទ្រង់ និង កាតទ្រង់ជាដើម ។ ដែលរូបភាពទាំងនេះ មើលមិនឃើញថា យានដ្ឋានខាងលើ ជាយានដ្ឋានគ្រាន់តែជួសជុលស្របទៅតាមលិខិតអនុញ្ញាតរបស់មន្ទីរសាធារណៈការឡើយ ។

ជាមួយនិងការចុះត្រួតពិនិត្យនេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរៀបរាប់ថា ជារៀងរាល់ថ្ងៃពួកគាត់តែងមានការភ័យខ្លាច និងការរំខានពីទីតាំងខាងលើណាស់ គ្រប់ពេលលឺសូរសម្លេងរថយន្តធំៗ ម្តងៗ ពួកគាត់តែងចេញពីផ្ទះមកចាំមើល សកម្មភាពរថយន្តទាំងនោះ ថាអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ ឬអត់ ព្រោះកន្លងមកតែងមានសកម្មភាពប្លែក ដូចជា ៖ សុខៗ រថយន្តថយចេញពីយានដ្ឋាន ដោយគ្មានកែកុងបញ្ជា ធ្វើឲ្យក្រុមជាងរត់យកកំណល់កល់កង់ព្រោងព្រាត, រថយន្តខ្លះទៀតចតនៅខាងមុខយានដ្ឋានសុខ ក៏រអិលចុះចំណតទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់, រថយន្តធំឈប់ចតតម្រួតគ្នាមុខយានដ្ឋានបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដល់រថយន្តដទៃ, តែងបង្កសម្លេងរំខាន និងក្លិនឈ្ងៀម តាមរយៈ ការផ្សារ តោន ឆាបដែក, និងការបង្ហូប្រេងម៉ាស៊ីនពេញចញ្ចើមផ្លូវជាដើម ។ 

ប្រភពបន្តថា កត្តាទាំងអស់ខាងលើនេះហើយ ធ្វើឲ្យមន្ទីរជំនាញ និងអាជ្ញាធរ បានចុះអប់រំ និងធ្វើកិច្ចសន្យា ជាញឹកញាប់ដល់ម្ចាស់យានដ្ឋាន ដូចជា ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចសន្យាស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសាធារណៈការ ម្ចាស់យានដ្ឋានសន្យាបំពេញ កិច្ចសន្យាចំនួន០៦ ចំណុចរួមមាន ៖ មិនរំលោភ និងប្រើប្រាស់ចំណីផ្លូវសម្រាប់ថ្មើជើង , គោរពតាមច្បាប់រដ្ឋកំណត់មិនតំឡើង តទ្រុង ថែមផ្លូវទំហំខុសបទដ្ឋានបច្ចេកទេស , ត្រូវការពារបរិស្ថាន ពិសេសការបង្ហូប្រេងរំអិលចេញក្រៅ , មិនរំខានដល់ការរស់នៅអ្នកជិតខាង , ត្រូវបំរុងទុកនូវឧបករណ៍សុវត្ថិភាព(បំពង់សម្រាប់ពន្លត់អគ្គីភ័យ) បន្ទាប់ពីធ្វើកិច្ចសន្យានេះបាន១ឆ្នាំ អាជ្ញាធរក្រុងសិរីសោភ័ណ និងមន្ទីរសាធារណៈ បានកោះហៅ ម្ចាស់យានដ្ឋានធ្វើកិច្ចសន្យាទៅលើបញ្ហាខាងលើដដែល ។ លុះឆ្នាំ២០១៧ មានកិច្ចសន្យាមួយទៀត ជាមួយសមត្ថកិច្ចប៉ូលីសសណ្តាប់ធ្នាប់ លើបញ្ហាខាងលើដូចគ្នានេះដែរ ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក