ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ ​រួមគ្នា​ប្រយុទ្ធប្រឆាំង​​ ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺឆ្លង ​Covid-19​ តាមរយៈ​ការអប់រំ​ ​របស់​ក្រសួងសុខាភិបាល

18

កណ្តាល​៖ អភិបាលខេត្ត​កណ្តាល ​បាន​ជំរុញ​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួម​នឹង​ប្រជា​ពលរដ្ឋ​ត្រូវ​រួមគ្នា ​ប្រយុទ្ធប្រឆាំង​ប្រុង​ និង​ប្រយ័ត្ន ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺឆ្លង ​Covid-19 នេះ​ ដោយ​តាមរយៈ​ការអប់រំ​ ផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​។

​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក្នុង​ឱកាស​​ជួប​សំណេះសំណាល​ជាមួយ គ្រូពេទ្យ ទូទាំង​ខេត្ត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ ការពារ និង​ព្យាបាល​ជំងឺ​(Covid-19) ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត អភិបាលស្រុក ក្រុង ទាំង​១១ ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ក្រុមគ្រូពេទ្យ សរុប​ជិត​៣០០​នាក់​។

ក្នុងឱកាស​ជួប​សំណេះសំណាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​បញ្ជាក់ទៀត​ថា បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (Covid-19) គឺជា​បញ្ហា​សកល​ក្នុង​ពិភពលោក ក៏​ដូច​នៅក្នុង​តំបន់ កំពុង​ជួបប្រទះ និង​បាន​រួមគ្នា​យកចិត្តទុកដាក់​ទប់ស្កាត់​ការរីក​រាលដាល ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង ករណី​ជំងឺ​នេះ​គឺ​យើង​នៅ​មិនទាន់មាន​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួបប្រទះ​និង​មានការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ ដូច​បណ្ដា​ប្រទេស​ដទៃ​ឡើយ បញ្ហា​ដែល​បារម្ភ​នោះ​គឺជា​បញ្ហា​កើតឡើង​ដោយ​ជំងឺ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ជឿ​តាម​ព័ត៌មាន មិន​ពិត ព័ត៌មាន​ដែល​បំប៉ោង បំភ្លើស​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ពី​សំណាក់​ពួក​អគតិ ។ ប៉ុន្តែ​ទោះបីយ៉ាងណា ​ក៏ដោយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏​ដូច​ក្រសួងសុខាភិបាល គឺ​យើង​មិនបាន​នៅ​ព្រងើយកន្តើយ​ឡើយ​។ ជាពិសេស​សម្រាប់​រដ្ឋបាល​ខេត្តកណ្តាល ​នៅតាម​ច្រកទ្វារ​អន្តរជាតិ និង​តាម​ច្រកទ្វារ​ទ្វេភាគី អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជំនាញ គ្រប់ផ្នែក ​គ្រប់​ថ្នាក់ តែងតែ​បានរួម សហការគ្នា​យកចិត្តទុកដាក់ ត្រួតពិនិត្យ​តាមរយៈ​មន្ត្រី​ច​ត្តា​ឡី​ស័ក ​ក្នុងការ​ទប់ស្កាត់ និង​អនុវត្ត​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​ក្រសួងសុខាភិបាល។​

ឯកឧត្តម អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ នឹង​បានដាក់​សេចក្ដីសង្ឃឹម​ខ្ពស់ ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​ខេត្ត ​ព្រមទាំង​ក្រុមគ្រូពេទ្យ​ ដែល​បាន​ត្រៀមលក្ខណៈ​ក្នុងការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺឆ្លង Covid-19 ​នេះ ពិសេស​ក្នុង​ករណី​ជំងឺ​នេះ​កើត​ឡើងលើ​ប្រជាពលរដ្ឋ​ត្រូវតែ​យកចិត្តទុកដាក់ ក្នុងការ​លះបង់​ប្រកបដោយ​ឆន្ទៈ​ប្ដេជ្ញា​ខ្ពស់​ដើម្បី​ព្យាបាល​ជូន​ពួកគាត់​។​ ឯកឧត្ដម​អភិបាល បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រូពេទ្យ ចំនួន​២៨៥​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​១០​ម៉ឺន​រៀល​៕

ចំណែក