ស្នងការ ​នគរបាល​ខេត្ដ​កណ្ដាល​ ​​ធ្វើការ​បំភ្លឺ​​រឿង​អត្ថ​បទ​ផ្សាយ ​ពី​លោក ចាន់ តិច​ហុង ​បំរើកា​រ​ងារ តិច​ជា ៥ ឆ្នាំ ផ្លោះ​តំណែង​ជា​ស្នង​ការរង ​ខេត្តកណ្តាល​​​

11

កណ្តាល ៖ ​បន្ទាប់​ពី​បណ្ដាញផ្សព្វផ្សាយក្នុងស្រុក​ បាន​ចុះផ្សាយ “​លោក ចាន់ តិច​ហុង ​បំរើកា​រងារ តិច​ជា ៥ ឆ្នាំ បាន​ផ្លោះ​តំណែង​ជា​ស្នងការរង ​ខេត្តកណ្តាល​”​ ទាំង​មហាជន​ទាំងមន្ដ្រី​​រាជការ​​ក៏ដូច​ក្នុង​ជួរនគរបាលជាតិ​​ពិតជា​ស្រឡាំងកាំង​ និង​ភ្ញាក់​​ផ្អើល​យ៉ាងខ្លាំង​ បន្ទាប់​ពី​គេបានឃើញ​ប្រកាស​ស្ដីពី​ការ​ផ្ទេរភារកិច្ច​​និង​តែងតាំង​​មុខតំណែង​​មន្ដ្រី​​នគរបាលជាតិ​។

​ក្នុងអត្ថបទ​ចុះផ្សាយ​ បាន​និយាយថា ​ លោកវរសេនីយ៍ទោ ចាន់ តិចហុង អាយុជាង​២០ឆ្នាំ​​ ដែល​ចូលក្របខណ្ឌ​​នគរបាល​​ជាតិ​​ មិនទាន់​​បាន៥ឆ្នាំផង​​ ត្រូវ​បាន​​តែងតាំង​ជាស្នង​ការ​រងនៃស្នងការដ្ឋាន​​នគរបាល​ខេត្តកណ្ដាល​ ​យ៉ាង​ស្ងៀមស្ងាត់បំផុត ​ប៉ុន្ដែ​ប្រកាសនេះ​ ពិតជា​ធ្វើ​ឲ្យមន្ដ្រី​​នគរបាល​​ចាស់ៗ​និង​មាន​ស្នាដៃ​​ពិតជាមិនសប្បាយ​ចិត្តនោះទេ ។

យោងតាមប្រកាសរបស់​សម្តេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាល​ពីថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ​បាន​សម្រេច​តែងតាំង​មុខតំណែង​លោក​វរសេនីយ៍ទោ ចាន់​ តិចហុង ​អត្តលេខ៧៧៩០៥​ ពី​នាយរងការិយាល័យ​​នៃនាយកដ្ឋានប្រឆាំង​​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ​ទៅ​ជាស្នងការរង​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ពាក់ព័ន្ធអត្ថបទ​ចុះផ្សាយនេះ ​​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ  ស្នងការ ​នគរបាល​ខេត្ដ​កណ្ដាល ​សូម​ធ្វើការ​បំភ្លឺ​ដូច​ខាង​ក្រោម ​៖

១. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង មុន​ឡើងជា ស្នងការរង គឺមាន​តួនាទី ជា នាយរង​ការិយាល័យ នៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ដែល​តាម​ឋានានុក្រម​ តំណែង​នេះ ស្មើនឹង នាយការិយាល័យ​ នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដូច្នេះ ​ការឡើង​តំណែង ​របស់គាត់ គឺ​ពុំមាន​ផ្លោះ​ទេ​ គឺ​ឡើង តាម​ឋានានុក្រម មួយ ថ្នាក់​។

២. ការសម្រេច​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង ដោយ​យោង​លើ លក្ខណសម្បត្តិ និង តម្រូវ​ការ​ចាំបាច់​នៃ​ការងារ ​ដោយ លោក ​មាន​ចំណេះដឹង​ភាសា​ចិន និង ​អង់គ្លេស​ ដែល បច្ចុប្បន្ន​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ត្រូវការ ប្រើប្រាស់​លោក ក្នុង ការអនុវត្ត​នីតិវិធី​ លើ​ជនបរទេស​។

៣. មុននឹង​បំរើកា​រងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ ​លោក​វរសេនីយ៍ទោ​ ចាន់ ​តិច​ហុង បាន​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល ​រយៈពេល ៥ ឆ្នាំ ​ដូច្នេះ ​សរុប​ មក គាត់​បាន​បំរើ​ការងារ​រដ្ឋ ​រយៈពេល​ជាង ១០ ឆ្នាំ ​មកហើយ​។

៤. សារព័ត៌មាន បាន​យក​រូប របស់លោក​វរសេនីយ៍ទោ​ ចាន់​តិច​ហុង ដែល​បាន​ថត ​តាំងពី​ឆ្នាំ ​២០១១ ​យកមក​បង្ហោះ​ថា ជា​ នគរបាល​វ័យក្មេង ​ដែល​ធាតុពិត​ គាត់​មាន​អាយុ ​៣២​ឆ្នាំ ហើយ​។អាស្រ័យហេតុនេះ សូម ​សារព័ត៌មាន មេត្តា ជ្រាប​ជា​ព័ត៌មាន និង ជៀសវាង ការភាន់ច្រលំ​៕

ចំណែក