សម្ដេចតេជោ ​​អញ្ជើញ​ជា​អធិបតី​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​អភិវឌ្ឍ​ប្រមាណ ៣១០ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន​

19

ភ្នំពេញ ៖ ​ ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ពី​រដ្ឋាភិបាល​ជប៉ុន ប្រមាណ ៣១០​លាន​ដុល្លារ​អាមេរិក នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ២៤​ខែមីនា​នេះ​។

លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​នេះ មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤.១៣៨​លាន​យ៉េន​(​ប្រមាណ ៣១០​លាន​ដុល្លារ​អាមេរិក )​ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ធិបតី​ភាព​សម្ដេច​តេ​ជោ​ហ៊ុនសែន​នៅថ្ងៃនេះ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​(MIKAMI Masahiro)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ គ្របដណ្តប់ លើ​ការអនុវត្ត​គម្រោង​ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣​គម្រោង និង​ឥណទាន​សម្បទាន​ចំនួន ២ គម្រោង ក្នុងនោះ មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្តន៍ ៖

១-​គម្រោង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​តាខ្មៅ​ដែលមាន​ទឹកប្រាក់​ចំនួន​៣.៤២១​លាន​យ៉េន​(​ប្រហាក់ប្រហែល ៣១​លាន​ដុល្លារ​)

២-​គម្រោង​សមា​រណកម្ម ការ​បោសសំអាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន មាន​ទឹកប្រាក់​ចំនួន ១.០០០​លាន​យ៉េន​(​ប្រហាក់ប្រហែល ៩​លាន​ដុល្លារ​)

៣-​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​មានទឹក​ប្រាក់​ចំនួន ៣០០​លាន​យ៉េន​(​ប្រហាក់ប្រហែល ២.៧​លាន​ដុល្លារ​អាមេរិក​)​។​

​ឥណទាន​សម្បទាន​សម្រាប់​អនុវត្ត​

១-​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ ៥ ដំណាក់កាល​ទី​២(​ធ្លា​ម្អម​-​បាត់ដំបង និង សេរី​សោភ័ណ​-​ប៉ោយប៉ែត​)​មាន​ទឹកប្រាក់ ១៧.៧០២​លាន​យ៉េន​(​ប្រមាណ ១៦១​លាន​ដុល្លារ​អាមេរិក​)

២-​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​៥ ដំណាក់កាល​ទី ៣ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) មាន​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន​(​ប្រមាណ​១០៦.៥​លាន​ដុល្លារ​អាមេរិក​)​។​

​ហិរញ្ញប្បទាន​ឥត​សំណង​និង​ឥណទាន​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ព្រមទាំង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ ៕

ចំណែក