អភិបាលរង​ខេត្ត ៖ ​អាជ្ញាធរ​ស្រុក ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ ​ចុះ​ពិនិត្យ​​ពលរដ្ឋ​ដល់​ផ្ទះ​ ក្នុង​ករណី​​វិល​ត្រឡប់​​​ពី​បរទេស​ ដើម្បី​បង្ការ​នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩​

17

កណ្តាល​៖ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ​ត្រូវ​ធ្វើការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ផ្សេងទៀត​ ឲ្យ​បាន​ច្បាស់លាស់​​ ដើម្បី​បង្ការនៃការ​ឆ្លង​វីរុសកូវីដ-១៩។

ឯកឧត្ដម នៃ ចារី ​បានបញ្ជាក់ថា​ ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ផ្សេង​ក្នុង​មូលដ្ឋាន​របស់ខ្លួន ​អាជ្ញាធរ​ស្រុក ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ ​ចុះ​ធ្វើការ​ពិនិត្យ ជូន​ពួកគាត់​ដល់​ផ្ទះ​ ហើយ​ត្រូវធ្វើ​ការណែនាំ​ ដល់​ពួកគាត់​អោយ​ នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ​រយៈពេល​១៤​ថ្ងៃ ​ហើយ​អាជ្ញាធរ​ស្រុក​ត្រូវ​រក​ទីតាំង​សមស្រប​ណាមួយ​ជូន​ពួកគាត់​។ ​ក្នុងករណី​មានការ​សង្ស័យ ត្រូវបញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។

ថ្លែង​​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ​បាន​នាំ​យក​ថវិកា ចំនួន​២៩​លាន​រៀល ឧបត្ថម្ភ​ដល់​ស្រុក​កណ្ដាលស្ទឹង ដើម្បី​ចុះ​អប់រំ និង​ផ្សព្វផ្សាយ ជា​លក្ខណៈ​យុទ្ធនាការ​ជាប្រចាំ ក្នុង​មូលដ្ឋាន​ភូមិ ​ឃុំ របស់ខ្លួន នូវ​វិធីសាស្ត្រ​ការ​ធ្វើ​អនាម័យ​អោយ​បាន​ញឹកញាប់ ​កុំ​មានការ​ប្រមូល​ផ្ដុំគ្នា​ ចេញ​ក្រៅ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ការ​បង្ការ​នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្ដម​អភិបាលរង​ បន្ថែមថា ​ការចុះ​យុទ្ធនាការ​ ផ្សព្វផ្សាយ អប់រំ ​និង​ណែនាំ​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ គឺ​អនុវត្ត​តាម​ការ​គោលការណ៍ ​របស់​រាជរដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ និង​ក្រសួងសុខាភិបាល ​ស្ដីពី​វិធានការណ៍​បង្ការ ទប់ស្កាត់​ ការរីក​រាល​ជំងឺ​កូ​វីដ​១៩ ​ទូទាំងប្រទេស​កម្ពុជា​។

សម្រាប់​ លោក អ៊ូច សាវឿន អភិបាលស្រុក​កណ្ដាលស្ទឹង បានឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ មាន​បងប្អូន​ពលករ​ដែល​មកពី​ប្រទេស​ថៃ ​ចំនួន​១៨​នាក់ ​ហើយ​ស្រុក​បាន​អោយ​គាត់​ពិនិត្យ​សុខភាព​នៅតាម​មណ្ឌល​សុខភាព ​ឬ​ ពេទ្យ​បង្អែក ​មិនមាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ឡើយ ទើប​អនុញ្ញាត​ អោយ​គាត់​ទៅក្នុង​សហគមន៍​វិញ​ ព្រម​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តាមដាន​សុខភាព​ជាប្រចាំ​នៅ​លំនៅឋាន ហើយ​បាន​ណែនាំ​ពួកគាត់​ អោយនៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ដើម្បី​បង្ការ​ការឆ្លង​ទៅ​ក្រុមគ្រួសារ ​និង​អ្នកជិតខាង​៕

ចំណែក