Connect with us

សន្តិសុខ និង សង្គម

ម្ចាស់ខ្ទម ធ្វើចំណាកស្រុកទៅធ្វើកម្មករ ត្រូវជនសតិមិនគ្រប់ ចូលដុតខ្ទមឆេះខ្ទេច

បាត់ដំបង ៖ ខ្នម០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រត្រូវបានជនសតិមិនគ្រប់ ចូលដុតឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់រវល់ចំណាកស្រុកទៅធ្វើកម្មករនៅតំបន់ព្រំដែន ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យបង្កឡើងដោយមនុស្សសតិមិនគ្រប់ និងជាជនពិការជើងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ខ្នមដែលត្រូវអគ្គិភ័យឆេះទាំងស្រុងខាងលើមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ  សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានម្ចាស់ឈ្មោះ ឡាន សែម ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ  ហើយសម្ភារៈខូចខាតក្រៅពីខ្នម០១ខ្នង ក្នុងនោះឆេះគ្រែចំនួន០២ផងដែរ ដែលសរុបគិតជាទឹកប្រាក់អស់ប្រហែល ២,០០០,០០០រៀល ( ពីរលានរៀល)ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីអគ្គិភ័យនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់០១ឡាន ទើបពន្លត់មិនឱ្យឆេះរាលដាលបន្ត ហើយក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ រ៉ុន ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនសតិមិនគ្រប់ និងពិការជើង ដែលរស់នៅភូមិឃុំកើតហេតុខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ៕

ដោយ ៖ សាលី