អ្នកសារព័ត៌មាន៤៥អង្គភាព ចូលរួមជប់លៀង អបអរចូលឆ្នាំថ្មីនៅភូមិគ្រឹះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម

149

បន្ទាយមានជ័យ  ៖ ដើម្បីចូលរួមអបអរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជប់លៀងមួយ ជាមួយអ្នកសារព័ត៌មាន ៤៥អង្គភាព ទូទាំងខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅនឹងភូមិគ្រឹះបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមជប់លៀងកំសាន្ត ពីសំណាក់កងកម្លាំងនគរបាល និងអ្នកសារព័ត៌មានសរុបជាង២០០នាក់ ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ កោតសសើរចំពោះ បងប្អូនសារព័ត៌មាន ដែលកន្លងមក បានខិតខំបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។ លោកថា លោកចាត់ទុកអ្នកសារព័ត៌មាន ជាកញ្ចក់ទិព្វ ដែលអាចឆ្លុះបញ្ចាំងពីការពិត ជាពិសេសឆ្លុះបញ្ចាំងពីភាពមិនប្រក្រតី ភាពអសកម្មរបស់កងកម្លាំង និងមន្ត្រីរាជការខិលខូចមួយចំនួន ។

លោកឧត្ដមសេនីយ៍ទោ ក៏បានមានប្រសាសន៍ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសារព័ត៌មាននឹងបន្តបំពេញភារកិច្ចការងាររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក