សិស្សអនុវិទ្យាល័យជាស្មន់ នៅស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ង ទៀតហើយ

76

សៀមរាប ៖ សិស្សសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ចំនួន១២នាក់បានទិញនំបុ័ងញ៉ាំនៅមុខសាលា បណ្តាលឲ្យក្អួតចង្អោរ ហើយត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

   ហេតុការណ៍បង្ការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០នៅសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនារសៀលថ្ងៃទី១៤នេះថា មានក្មេងស្រីសិស្សសាលាចំនួន១២នាក់ បានទិញនំបុ័ងញ៉ាំ ក្រោយមកមានអាក្ការៈក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពមានជ័យ ដើម្បីជួយសង្រ្គោះ ។ លោកថា អ្នកលក់នំបុ័ងឈ្មោះ អ៊ី សីហា ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលបានទិញមកពីផ្សាររលួស មកលក់បន្ត ។ លោកបន្ថែមថា តាមការពិនិត្យ ជាក់ស្តែងរបស់ជំនាញ បានឲ្យដឹងថា នំបុ័ង ទាំងនេះ ខ្លះល្អ និងខ្លះទៀតបានខូចគុណភាព ដូច្នេះហើយបានជាសិស្សញ៉ាំទៅឈឺពោះបែបនេះ ។ បច្ចុប្បន្នសិស្សសាលាទាំងនោះបានធូរស្បើយនិងត្រលប់ទៅផ្ទះវិញអស់មួយចំនួនហើយ ។

គួររម្លឹកថា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កន្លងទៅថ្មីៗនេះ ក៏ធ្លាប់មានករណីពុលនំបុ័ងនេះ ម្តងដែរ ហើយត្រូវសមត្ថកិច្ចជំនាញសហការគ្នា ចុះបិទឡនំបុ័ងមួយកន្លែង មានទីតាំងនៅស្រុកប្រាសាទបាគង ដោយសមត្ថកិច្ចរកឃើញការផលិតនោះ គ្មានអនាម័យ និងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ៕

ដោយ ៖ អង្គរ

ចំណែក