ឃាត់ខ្លួនក្រុមចោរ កាច់សោរម៉ូតូយ៉ាងសកម្ម២នាក់ នៅខេត្តបាត់ដំបង

90

បាត់ដំបង ៖ ក្រុមចោរលួចកាច់សោរម៉ូតូយ៉ាសកម្ម ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមចោរលួចកាច់សោរម៉ូតូខាងលើ ប្រព្រឹត្តទៅក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។

លោកថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ជា ឆេង ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ( ជាអ្នកធ្វើសកម្មភាពកាច់សោរយកម៉ូតូ ) និងឈ្មោះ ហេង សន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាអ្នកទទួលផល ) ជាមួយនឹងការបង្ក្រាបនេះកម្លាំងបានធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា ៖ – ម៉ូតូចំនួន២គ្រឿងម៉ាក zoomer x ដែលជនសង្ស័យធ្វើសកម្មភាពលួចបាន – សោររាងអក្សរតេ សម្រាប់ធ្វើសកម្មភាពកាច់សោចំនួន១ – តួណឺវីសចំនួន១ – កូនសោរសម្រាប់ដោះស្លាកលេខចំនួន១ – វីស សម្រាប់ចាប់ស្លាកលេខម៉ូតូចំនួន ៤គ្រាប់ – ខ្ចៅសម្រាប់មួលស្លាកលេខចំនួន៣គ្រាប់ – ខោជើងវែងពណ៌ខ្មៅចំនួនមួយដែលជនសង្ស័យស្លៀកធ្វើសកម្មភាពកាច់សោរម៉ូតូផងដែរ ។

លោកបន្តថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យឈ្មោះ ជា ឆេង បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនធ្លាប់បានធ្វើសកម្មភាពកាច់សោរយកម៉ូតូ ជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ទុំ ចំនួន ៦លើក មកហើយ ដោយលើកទី១ នៅក្នុង ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារបឹងឈូក បានម៉ូតូម៉ាក zoomer x ពណ៌ស ស៊េរីឆ្នាំ២០១៨ មួយគ្រឿង យកទៅលក់នៅខេត្តកំពង់ឆ្នាំង ។ លើកទី២ នៅក្នុងខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារបឹងឈូកដដែល បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ក្រហម យកទៅលក់នៅខេត្តកំពង់ឆ្នាំង។ លើកទី៣ នៅក្នុងខែមករា ឆ្នាំ២០២០ មិនដឹងចំណុច យកទៅលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លើកទី៤ នៅក្នុងខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល បាយក្តាំង បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌សទឹកក្រូច យកទៅលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លើកទី៥ នៅក្នុងខែមករា ឆ្នាំ២០២០ នៅចំណុចក្នុង ខារ៉ាអូខេព្រីនសេស បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ក្រហមស ស៊េរីឆ្នាំ២០១៨ ដែលជារបស់ជនរងគ្រោះឈ្មោះ វ៉ន ចាន់ ភេទស្រីអាយុ ២៦ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  យកទៅលក់ឲ្យម្ចាស់ផ្ទះជួលដែលខ្លួនបានជួលបន្ទប់ស្នាក់នៅ ។ លើកទី៦ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១២ និង៣០នាទី ខ្លួនបានធ្វើសកម្មភាពកាច់សោរយកម៉ូតូនៅក្នុងសាលារៀនឌូវី ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ស្វាយលាយស ឆ្នាំ២០១៨ ដែលជារបស់ជនរងគ្រោះ ឈ្មោះ លុន សុខលីន ភេទស្រីអាយុ ២៨ឆ្នាំមានទីលំនៅភូមិក្តុល សង្កាត់ដូនទាវក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក