សម្តេច​តេ​ជោ​ ៖ ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ទាំងអស់​ មិន​ត្រូវ​មាន​កា​រ​រើសអើង​​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ WESTERDAM

49

ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​អញ្ជើញ​ទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ WESTERDAM ​​ នឹង​បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​មាន​កា​រ​រើសអើង​ណាមួយ​ចំពោះ​ពួកគេ​នោះទេ​ ។

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅខេត្ត​ព្រះសីហនុ​ ​ ​ចំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ទទួល ​ស្វាគមន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ Westerdam នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ​និង​បាន​ជូន​ផ្កា​ដល់​អ្នកទេសចរ​ផងដែរ​។​ ទន្ទឹមនឹងនេះ ​ក៏​មាន​ការ​ជួយ​សម្រប​សម្រួល​ដល់​អ្នកដំណើរ​មួយ​ចំនួន​ផ្ទេរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ​ ខ្លួន​របស់​ពួកគេ​វិញ​ផងដែរ​។

ថ្លែង​ដោយ​ទឹកមុខ​ញញឹម​រីករាយ និង​មោទនភាព ​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ប្រកាស​អនុញ្ញាត​ភ្ញៀវ​ចាកចេញ​ពីលើ​នាវា​ Westerdam​ ហើយ​អាច​មក​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ ​និង​សៀបរាម​តាម​ដែល​អាចធ្វើ​ទៅបាន​។

សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា ​ក្នុងកំឡុងពេល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​គឺ​កម្ពុជា​មិន​គិត​កម្រៃ​វី​សា និង​សេវា​ផ្សេងៗ​ឡើយ​។ សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​«​បាន​ប្រកាស​ស្វាគមន៍​ដល់​នាវា​ខ្នាត​យក្ស​របស់​អាមេរិក​នេះ​ បើ​ចង់​បន្ត​ចត​ក្នុង​រយៈពេល​១​ខែ​ទៀត​ក៏បាន​ដែរ​ ឬ​ នៅពេល​ក្រោយ​បើ​នាវា​ទេសចរណ៍​នេះ​ ចង់​មក​កម្ពុជា​ទៀត​គឺ​កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ​ជានិច្ច​»​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​អាចធ្វើ​ដំណើ​រ​ដោយ​សប្បាយរីករាយ​ និង​ជួប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​គ្រប់ៗ​គ្នា ​ជាពិសេស​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ថ្ងៃនេះ​ផងដែរ​៕

ចំណែក