ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ឈូក ​ជិះរថយន្ដ​​បុក​ជនរងគ្រោះ​ស្លាប់​ ​មិន​ព្រម​ចូល​ខ្លួន​ដោះស្រាយ​ថែមទាំង​ប្រើ​ពាក្យ​ប្រមាថ​ជនរងគ្រោះ​ទៀត

86

កំពត​៖ ប្រធានការិយាល័យ​អប់រំ​ស្រុក​ឈូក ខេត្តកំពត លោក ចេង ប្រា​ង ​បាន​បើកបរ​រថយន្ត​យ៉ាង លឿន​បុក​ជនរងគ្រោះ​ស្លាប់​ម្នាក់ ​និង​រងរបួស​ម្នាក់​ ហើយ​មិន​ព្រម​ចូលខ្លួន​​ដោះស្រាយ​ ទៅតាម​នីតិវិធី​ច្បាប់​ថែមទាំង​បោះ​សម្តី​ប្រមាថ​មើលងាយ​ជនរងគ្រោះ​ថា ​បុក​មនុស្ស​ស្លាប់​បង់​តែ​៣​លាន​គឺជា​ការ​គ្រប់គ្រាន់​ហើយ​។

យោងតាម​សាច់ញាតិ​ជនរងគ្រោះ​ បានបញ្ជាក់​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី​១ ​ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅ​ភូមិ ខ្នាញ​រមាស​ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត​ ដែល​បង្កឡើង​ដោយ​រថយន្ត ម៉ាក់​ហាយ​ឡែ​នឌ័រពាក់​ស្លា លេខ​2x-៤៥៣៦ បើកបរ​ដោយ​ជនសង្ស័យ​ឈ្មោះ​ ចេង ប្រា​ង​ ដែល​មាន​តួនាទី​ប្រធាន​កា​រិ​យាល័យ​អប់រំ​ស្រុក​ឈូក អម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ និង​ក្មេង​ម្នាក់ ​បានធ្វើ​ដំណើ​រ ពី​កើ​តទៅ​លិច ក្នុង ល្បឿន​យ៉ាង​លឿន​ បាន​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពត​1N-៤៣២៦ ​ដែល​កំពុង​ឈប់​នៅ​ស្ងៀម​នៅ​ខាងត្បូង​ថ្នល់ ដែល​មាន​អ្នកជិះ​ចំនួន​ពីរ​នាក់​ប្តី​ប្រពន្ធ ​ដោយ​ក្នុងនោះ ​បាន​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​ត្រូវជា​ប្រពន្ធ​និង​ប្តី​រងរបួស​ធ្ងន់​។

ជនរងគ្រោះ​ដែល​ស្លាប់​គឺ​មាន​ឈ្មោះ​ ប៉ាង សាមឿន ហៅ​យាយ​អ៊ិត ត្រូវជា​ប្រពន្ធ និង​អ្នក​រងរបួស​មាន ឈ្មោះ​កែប មុំ​ត្រូវជា​ប្តី​ ខណៈ​ពេលនេះ​ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

តាម​សម្តី​ដែលជា​កូន​របស់​ជនរងគ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ បន្ទាប់ពី​ហេតុការណ៍​គ្រោះ ​ថ្នាក់​ចរាចរណ៍​នេះ ​កើត​ភ្លាមៗ​គេ​បាន​សង្កេតឃើញ​ជន​បង្ក​ដែល​បើកបរ​ឡាន​ម៉ាក​ខាងលើនេះ​ ត្រូវបាន​រត់គេចខ្លួន​ដោយមាន​ឈ្មោះ​ ហ៊ុន ស៊ីណា​រ៉េត ហៅ​ខាក ​មាន​តួនាទី​ជា​នាយក​សាលា ​អនុវិទ្យាល័យ​ក្រាំង​ស្នាយ ជា​អ្នក​ដឹក​ជន​បង្ក​រត់គេចខ្លួន​។

ដោយ​ករណីនេះ​ បានកើត​ឡើង​ជិត​ពីរ​សប្តាហ៍​ហើយ​នោះ ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ ដាក់ពាក្យ​បណ្តឹង​ទៅ​អធិការ​ស្រុក​ឈូក ដើម្បី​នាំ​ជនបង្ករ​មក​ដោះស្រាយ ​ប៉ុន្តែ​រហូតមកដល់ ​ពេលនេះ​ជនបង្ក​នៅតែមាន​សេរីភាព ​ហើយ​ថែមទាំង​បោះសម្តី​ប្រមាថ​មើលងាយ​ជនរងគ្រោះ​ថា បុក​ខ្មោច​ស្លាប់​គឺ​បង់​តែ​៣​លាន​រៀល ​ខណៈ​ក្រុមគ្រួសារ​ទាមទារ​សំណង​ចំនួន​១៦០​លាន​ រៀល​នោះ​។

យ៉ាងណាក៏ដោយ​ក្រុមគ្រួសារ​ជនរងគ្រោះ បានធ្វើការ​អំពាវនាវ​ដល់​ស្នងការ​ខេត្តកំពត ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ​ខណៈ​ករណីនេះ​ហាក់បីដូចជា​នៅ​ស្ងាត់ស្ងៀម​គ្មាន​ដំណោះស្រាយ​ណាមួយ​សមស្រប​នោះ​៕

សហការី ៖ 068 59 4000

ចំណែក