ពលរដ្ឋ​៥​គ្រួសារ​ ប្តឹង​ មេឃុំ​ឈើទាល ​ប្រធាន​ភូមិ​​ អនុប្រធាន​ភូមិ​ និង​មន្ត្រី​សុរិយោដី​ស្រុក​កៀនស្វាយ​ម្នាក់​ ទៅ​ក្រសួងមហាផ្ទៃ​

135

​កណ្តាល ៖ លោកស្រី អ៊ុក សឿន មេឃុំ​ឈើទាល , លោក ហែម ហួន ប្រធានភូមិ​ព្រែក​ស្វាយ , លោក ភួង ចំរើន អនុប្រធាន​ភូមិ​ព្រែក​ស្វាយ និង លោក ថោង ចន្ថា ​មន្ត្រី​សុរិយោដី​ស្រុក​កៀនស្វាយ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ប្តឹង​ទៅ​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចោទប្រកាន់​ពី​បទ​រំលោភ​កាន់កាប់​អចលនទ្រព្យ​អ្នកដទៃ ។

ប្រជាពលរដ្ឋ​ទាំង​៥គ្រួសារ​ ១.មាន​ឈ្មោះ ហៅ ឡៃ ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង ២.ឈ្មោះ ឡូ ស៊ីណា​រ៉ូ ​ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ ជា​តំណាង​ បាន​និយាយ​ឲ្យ​ដឹង​ថា ពួកគាត់​ បាន​ចូល​លុយ​គ្នា​ប្រមូល​ទិញ​ដី ​បាន​ចំនួន​ជាង ​ដប់​ហិកតា ​ជា​ដីស្រែប្រាំង​ នៅ​ចំណុច​ខាងលិច​ ជាប់​ទំនប់​វរៈ​ប្រាំ​ ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល ​។

លោក​បន្ដថា ការទិញ​លក់​ត្រូវ​បាន​ទទួលស្គាល់​ដឹង​លឺ​ពី​អាជ្ញាធរ ​ហើយ​ថែមទាំង​អាជ្ញាធរ​បាន​ចេញ​លិខិត​កាន់កាប់​ជាង​ដប់​ឆ្នាំ​មកហើយ ​មិនដែល​មាន​ទំនាស់​អ្វី​ឡើយ​ ។​ ប៉ុន្តែ​ស្រាប់តែ​មកដល់​ចុងឆ្នាំ ២០១៩ ​កើតមាន​ទំនាស់ ​ដោយសា​រ​មានឈ្មោះ ញ៉ឹក​ ចាន់​កុសល ​ចេញមុខ​មក​តវ៉ា​ថា ​ដី​របស់​ខ្លួន​ទំហំ​១០០​ម៉ែត្រ​គុណ ​នឹង​៩៤,១៥ ​ដែល​មាន​ព្រំប្រទល់​ខាងជើង​ទល់​ប្រឡាយ​កូន ​ខាងត្បូង​ទល់នឹង​ឈ្មោះ គង់ ចំរើន ​ខាងកើត​ទល់នឹង​ឈ្មោះ ប៊ុត សារ៉េត​ និង ​ខាងលិច​ទល់នឹង​ឈ្មោះ ឆុំ សុជាតិ​ គឺជា​ដី​របស់​ខ្លួន​ ដែល​បាន​លក់​ទៅ​ឈ្មោះ កែវ ប៊ុន​នេ​ត ​នៅ​ជាប់​នឹង​ដី​ឈ្មោះ​ គង់ ​ចំរើន ​និង ​ដី​ឈ្មោះ ហៅ ឡៃ​ តំណាង​ពួកគាត់​ទាំង​ប្រាំ​គ្រួសារ ​។ ការតវ៉ា​នេះ ​បណ្តាល​ឲ្យ​ពួកគាត់​មិន​អាច​វាស់វែង​ធ្វើ​ប្លង់​ប្រព័ន្ធ​បាន ​។ ក្រោយមក​ដោយសារ​ពួកគាត់​មើលឃើញថា​ ឯកសារ​ដី​របស់​ឈ្មោះ ញ៉ឹក​ ចាន់​កុសល ដែល​លក់​ទៅ​ឲ្យ​ឈ្មោះ ​កែវ ប៊ុន​នេ​ត ​មាន​ព្រំប្រទល់​មិន​ច្បាស់លាស់ ​ហើយ​ម្យ៉ាងទៀត​ដី​នេះ អាជ្ញាធរ​ និង​ម្ចាស់​ដី​ចេះតែ​ដើរ​ចង្អុល​ទីតាំង​បំឡាស់​ទី​គ្រប់​ទីកន្លែង​ ដែល​កាលពី​ឆ្នាំ​២០១៨ ​បាន​ចង្អុល​ថា​ ដី​ឈ្មោះ ញ៉ឹក ចាន់​កុសល​ នៅ​ចំណុច​ខាងលិច​ឈ្មោះ គង់ ចំរើន ​មិន​ជាប់​ព្រំ​ជាមួយ​ដី​ឈ្មោះ ហៅ ឡៃ ទេ ។ លុះ​មកដល់​ឆ្នាំ ២០១៩​ អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ធ្វើ​ប្លង់​ប្រព័ន្ធ​ស្រាប់តែ​អាជ្ញាធរ​ និយាយថា​ ដី​ឈ្មោះ ញ៉ឹក ចាន់​កុសល ​នៅ​ចំណុច​ខាងកើត​ដី​ឈ្មោះ គង់ ចំរើន ជាប់​ខាងលិច​ដី​ឈ្មោះ​ ហៅ ឡៃ ទៅវិញ ​ហើយ​ឈ្មោះ ញ៉ឹក ​ចាន់​កុសល ​ចេះតែ​តវ៉ា​បង្ក​ឲ្យ​រាំងស្ទះ​មិនអាច​ឲ្យ​ពួកគាត់​ធ្វើ​ប្លង់​បាន​ ទើប​ពួកគាត់​សម្រេច​ប្តឹង​ឈ្មោះ ញ៉ឹក ​ចាន់​កុសល ទៅ​ក្រសួងមហាផ្ទៃ ។

ប្រជាពលរដ្ឋ​ទាំង​ប្រាំ​គ្រួសារ បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​សមត្ថកិច្ច​កោះហៅ​ឈ្មោះ​ ញ៉ឹក ចាន់​កុសល ទៅ​សាកសួរ ​។ ឈ្មោះ ញ៉ឹក ចាន់​កុសល បាន​សារភាពថា​ ខ្លួន​មិន​ស្គាល់​ដី​ទេ​ ហើយ​ដី​របស់ខ្លួន ​មិន​ជាប់​ពាក់ព័ន្ធ ​ហើយក៏​មិន​នៅ​ជាប់​ព្រំ​ជាមួយ​ដី​ឈ្មោះ ហៅ​ ឡៃ​ដែរ ។ ​ប៉ុន្តែ​ទោះបី​ឈ្មោះ ញ៉ឹក ចាន់​កុសល ​បាន​សារភាពថា​ ដី​របស់ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នៅជាប់​ព្រំដី​ឈ្មោះ ​ហៅ ឡៃ​យ៉ាងណាក៏ដោយ​ ក៏​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នៅតែ​អះអាង​ជាប់​ពាក់ព័ន្ធ​ឈ្មោះ ញ៉ឹក ចាន់​កុសល​ដដែល ហើយ​ថែមទាំង​មិន​ព្រម​វាស់វែង​ធ្វើ​ប្លង់​ទៀត ​។ ដោយសារតែ​បញ្ហា​នេះ ​ពួកគាត់​ក៏បាន​នាំគ្នា​ប្តឹង​ឈ្មោះ​ទាំង​៤​នាក់​ ខាងលើ​ទៅ​ក្រសួងមហាផ្ទៃ​ម្តងទៀត ។​ ក្រោយ​សមត្ថកិច្ច​កោះហៅ​ទៅ​សាកសួរ ​លោកស្រី អ៊ុក សឿន​ មេឃុំ​ឈើទាល​ បាន​សន្យាថា ​នៅ​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នឹង​ចុះ​វាស់វែង​ដី​ឈ្មោះ ហៅ ឡៃ ។ លុះដល់​ថ្ងៃទី ៧ ​ប្រជាពលរដ្ឋ​ពួកគាត់​បាន​នាំ​ដល់​សាលាឃុំ​ឈើទាល ។ ​ពេលទៅដល់​សាលាឃុំ លោកស្រី មេឃុំ​បែរជា​ក្បត់​ពាក្យសន្យា​មិន​ព្រម​ចុះទៅ​វាស់វែង​ទេ ដោយ​និយាយថា​ អភិបាលស្រុក​កៀនស្វាយ​ ប្រាប់ថា​ ដី​ពួកគាត់​ជា ( ស​.​ជ​.​ណ ) ។

ប្រជាពលរដ្ឋ​ពួកគាត់​មាន​ចម្ងល់​ថា ​ចុះបើ​ជាប់​( ស​.​ជ​.​ណ ) ម៉េច​មិន​និយាយ​ពីដំបូង ​ចេះតែ​លើក​ដាក់ថា ​ដី​អ្នកនេះ ដី​អ្នកនោះ ? ។ ម្យ៉ាងទៀត​បើជា​ប់​( ស​.​ជ​.​ណ ) ចុះ​ហេតុ​អី​ដី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ដី​ពួកគាត់​មិន​ជា​ប់​( ស​.​ជ​.​ណ ) បែរជា​ដី​ពួកគាត់​កណ្តាល​ទៅជា​ជាប់​( ស​.​ជ​.​ណ ) ​ទៅវិញ ។ ករណីនេះ ​ប្រជាពលរដ្ឋ​មិន​អស់ចិត្ត​ទេ ពួកគាត់​ បាន​ស្នើ​សុំ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​និង​ដោះស្រាយ​ធ្វើយ៉ាង​ណា​ឲ្យ​ពួកគាត់​បាន​វាស់វែង​ធ្វើ​ប្លង់​ផង ។

ពាក់ព័ន្ធ​ករណី​ប្តឹង​ចោទប្រកាន់​នេះ លោក ភួង ចំរើន អនុប្រធាន​ភូមិ​ព្រែក​ស្វាយ​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ដោយសារ​ទាក់ទង​តាម​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​លើក​ទទួល ។ ​លោក ហែម ហួន ប្រធាន​ភូមិ​ព្រែក​ស្វាយ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​ដី​របស់​ឈ្មោះ ញ៉ឹក ចាន់​កុសល​ ដែល​លក់​ឲ្យ​ឈ្មោះ កែវ ប៊ុន​នេ​ត​ មិន​នៅ​ជាប់​ព្រំ​ និង​មិន​ពាក់ព័ន្ធ​នឹង​ដី​ឈ្មោះ ​ហៅ ឡៃ​ទេ​ បើ​ភាគី​ឈ្មោះ​ ហៅ ឡៃ ចង់​វាស់វែង​ត្រូវ​ធ្វើ​ពាក្យ​ស្នើសុំ​សាលាស្រុក​ម្តងទៀត ។​ លោកស្រី អ៊ុក សឿន ​មេឃុំ​ឈើទាល​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ​លោកស្រី​គ្មាន​ពេល​ជួប​និង​បកស្រាយ​ទេ ។ ​លោក ថោង ចន្ថា​ មន្ត្រី​សុរិយោដី​ស្រុក​កៀន​ស្វាយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ហ្នឹងង​លោក​បាន​បង្គាប់​ឲ្យ​ខាង​ភាគី ហៅ ឡៃ ​ដាក់ពាក្យ​ប្តឹង​ទប់ស្កាត់​ហើយ ​។ ចំណែក​ដី​ឈ្មោះ ​ញ៉ឹក ចាន់​កុសល ​ដែល​បាន​លក់​ទៅ​ឲ្យ​ឈ្មោះ កែវ​ ប៊ុន​នេ​ត គឺមាន​ ឯកសារ​និយាយ​ពី​ប្រ​វត្ត​ដី​ត្រឹមត្រូវ ​ទើប​លោក​ចុះ​វាស់វែង​ និង​ដាក់​លេខ​ក្បាលដី​បាន​គឺ​លេខ​៣៧២ ។ រីឯ​ដី​មាន​ព្រំ​មិន​ច្បាស់លាស់​យ៉ាងណា​នោះ ​លោក​មិន​គិត​ទេ​ សំខាន់​អាជ្ញាធរ​បាន​ចង្អុលបង្ហាញ ៕

ដោយ ៖ 068 59 4000 , 015 410 999

ចំណែក