Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាច្រើន ចូលរួមកំសាន្តក្នុងពិធី បុណ្យអ៊ុំទូក នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ថ្ងៃទីមួយនៃពិធីបុណ្យអ៊ុំទូក នៅខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងរយៈពេលពីរថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទឹងទឹកថ្លា នាសកលវិទ្យាល័យជាតិមានជ័យ មានប្រជាពលរដ្ឋយ៉ាងច្រើនកោះករ តាមដងស្ទឹងទាំងសង់ខាង ។

ពិធីនេះប្រព្រឹកទៅ ក្រោមវត្តមានបើកការប្រកួតពីសំណាក់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងអស់លោកលោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើននាក់ទៀតផងដែរ ។

ក្រៅពីពិធីប្រណាំទូក រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានរៀបចំស្តង់ពិព័រណ៍ទូទៅ ភូមិ១ ផលិតផល១ នៅសួនមានជ័យ នៅកណ្តាលទីប្រជុំជនខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ អោយដឹងថា ពិធីនេះមានទូកចម្រុះចំនួន២៦គ្រឿង ដែលត្រូវចូលរួមប្រកួត ក្នុងនោះមានទូកវែង មធ្យមនិងតូច ។ គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។ ចំពោះបច្ចេកទេសនៃការប្រកួតទូកនេះ ក្នុងលក្ខណ:វិលជុំនិងចែកជាពូល ។

ដើម្បីការពារថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ពលរដ្ឋដែលចូលរួមកំសាន្ត អាជ្ញាធរខេត្តបាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយ កម្លាំងនគរបាលជាច្រើននាក់ ទាំងនៅលើទឹក និងលើគោកនៃទីតាំងប្រារពពិធី ដើម្បីយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព ក្រុមកីឡាករប្រណាំងទូកក្នុងទឹក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយ ដែលអញ្ជើញមកទស្សនាពិធីប្រណាំងទូកនេះផងដែរ ។

សូមរំលឹកថា កម្មវិធីរៀបចំការប្រណាំងទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៌ទូទៅ ភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត រាជធានី ថ្នាក់ជាតិ បានផ្អាក៣ឆ្នាំកន្លងមក ដោយសារវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ។ ប៉ុន្តែឆ្នាំ២០២២ នេះ ស្ថានភាព ជម្ងឺកូវីដ១៩ បានធូរស្រាល រាជរដ្ឋាភិបាលក៏សម្រេច ណែនាំអោយថ្នាក់ខេត្ត រាជធានីរៀបចំឡើងវិញអោយបាន ។ លើកលែងនៅថ្នាក់ជាតិ មិនរៀបចំទេ ត្បិតកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ៕