Connect with us

ព័ត៌មានជាតិ

មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខផ្តល់ជូនសាខាកាកបាទក្រហម

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតិពី ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខាខេត្តបាត់ដំបង បានអញ្ចើញជាគណអធិបតីទទួលអំណោយមនុស្សធម៌ ពីមន្រ្តីសង្ឃគណមហានិកាយ នៃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះភិក្ខុសីលវឌ្ឍោ សុខ រី ព្រះធម្មធរអនុគណក្រុង និងសហការី ដោយមាននិមន្តនិងអញ្ចើញចូលរួមពីព្រះគ្រូចៅអធិការ តាមបណ្តាវត្តក្នុងក្រុង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខាក្រុមប្រតិបត្តិសាខា សរុបប្រមាណជាង២៨អង្គ/នាក់ ។

ព្រះភិក្ខុសីលវឌ្ឍោ សុខ រី បានមានសង្ឃដីកាថា សាលាអនុគណក្រុងបាត់ដំបង តែងបានចូលរួមកៀងគរអំណោយពីសប្បុរសជននានា ជាពិសេសតាមបណ្តាវត្តទាំង២៨ នៃគណមហានិកាយដើម្បីយកមកជួយឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង១ឆ្នាំ២លើកគឺនៅក្រោយបុណ្យចូលឆ្នាំ និងក្រោយពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកផ្សេងៗដោយផ្ទាល់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដម សុខ លូ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការវត្តក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ ។

សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ។ហើយគិតត្រឹមរយៈពេល១០ខែឆ្នាំ២០២២នេះសាខាខេត្តបាត់ដំបង បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះផ្សេងទៀត ក្នុងក្រុងស្រុកទាំង១៤បានចំនួន១៤៧លើក សរុបស្មើ ៥,៥៨៥ គ្រួសារ ក្នុងនោះអំណោយសាខាខេត្តផ្ទាល់ចំនួន ៤,៩៤៣គ្រួសារ និង អំណោយរបស់អនុសាខាក្រុង/ស្រុក ទាំង១៤ ចំនួន៦៤២គ្រួសារ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា សម្ភារៈប្រកបដោយទឹកចិត្តជ្រះថ្លាជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដើម្បីឱ្យសាខា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានជាបន្តបន្ទាប់ទៀតនិងដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងជូនប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ ក្នុងខេត្តបាត់ដំបង។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖
– បច្ច័យចំនួន ៣,៣៤០,០០០រៀល ,អង្ករចំនួន ១,៦៣៥គីឡូក្រាម ,មី៤៨កេស,ទឹកត្រី៦១កេស,ទឹកស៊ីអ៊ីវ ៥៤យួរ ត្រីខ ២៤យួរ ,ទឹកក្រូច ១៦កេស និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈប្រើប្រាស់សរុប២៣មុខផ្សេងទៀតផងដែរ ៕