Connect with us

ព័ត៌មានជាតិ

មានអ្នកចូលទស្សនាពិធីប្រណាំងទូកក្រុងតាខ្មៅជាង ២០ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ

កណ្ដាល៖ ក្នុង​រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែតុលា នៃពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បី​អបអរសាទរ​ព្រះជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប ​អកអំបុក ​និងសំពះព្រះខែ ដែលបាន​បញ្ចប់​ទៅកាលពីយប់ម្សិលមិញនេះ គឺទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួម​ទស្សនា​ប្រមាណជាង ២០ម៉ឺននាក់ ។

លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែតុលានេះថា​ ពិធីប្រណាំងទូកក្រុងតាខ្មៅ នៅថ្ងៃទី១ ​គឺទទួលពលរដ្ឋចូលទស្សនាប្រមាណជិត ១០ម៉ឺននាក់ ​ហើយថ្ងៃទី២ គឺកើនជាង ១០ម៉ឺននាក់។ មិនតែប៉ុណ្ណោះ ​លោកថា ​នៅមានពលរដ្ឋជាច្រើនទៀត ចង់ទៅទស្សនាការប្រណាំង​ទូក​នោះដោយផ្ទាល់ដែរ ប៉ុន្តែដោយសារបរិវេណសួនច្បារក្រុងតាខ្មៅមានទំហំផ្ទៃដីតូច និង​មាន​ភាពចង្អៀតណែនមនុស្សចូលទស្សនា គឺបានជំរុញឲ្យគេទស្សនាតាមការឡាយផ្ទាល់​លើ​កញ្ចក់ទូរទស្សន៍​ និងប្រព័ន្ធផ្សព្វផ្សាយនានាទៀត។

ពលរដ្ឋដែលបានចូលទស្សនាពិធីប្រណាំងទូកក្រុងតាខ្មៅនោះ បានថ្លែងថា នៅថ្ងៃចុងក្រោយ​ពិធី​ប្រណាំង​ទូកក្រុងតាខ្មៅ​ ពួកគេកត់សម្គាល់ឃើញថា មានមនុស្សចូលរួមទស្សនាច្រើន​កុះករ​និង​មានភាពសប្បាយរីករាយជាមួយ​នឹងកីឡាករ កីឡាការនីខិតខំអុំទូក​ដើម្បីយកឈ្នះគូ​ប្រកួត​នៅវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រៅពីទស្សនាការប្រណាំងទូក ពលរដ្ឋទាំងអស់អស់គ្នាក៏បានចូលរួមទស្សនា​កម្មវិធី​បាញ់កាំជ្រួច បណ្តែតប្រទីប ​និងទស្សនាតង់តាំងពិព័រណ៍ទំនិញ​គ្រប់ប្រភេទ ជាពិសេស​ការ​ចូល​ភ្លក់ពិសារ​អាហារឆ្ងាញ់ៗនានាជាច្រើនមុខនៅតាមស្តង់តាំងពិព័រណ៍៕