ដីព្រៃ​​​ដែន​នេសាទ​ទំហំ​៤២​ហិកតា​ ​នៅ​ស្រុក​លើកដែក ​ឈ្មួញ​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ ​ដោយ​បំពានច្បាប់

104

កណ្តាល ៖ ​​ ផ្ទៃដី​ទំហំ​៤២​ហិកតា​ ជា​​អតីតឡូត៍​នេសាទលេខ៦ ​នៅ​ភូមិក្បាល​ជ្រោយ​ ឃុំកំពង់ភ្នំ ស្រុក​លើកដែក ​​ខេត្តកណ្ដាល ​ ឈ្មួញ​កំពុង​ដាក់គ្រឿង​ចក្រ ​ជាច្រើន​គ្រឿង ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក ដោយ​សំអាង​ថា មាន​ការ​ឯកភាព ​ពី​អាជ្ញាធរឃុំ-ស្រុក។

បើ​តាម​ប្រភព​ពី​​មន្ត្រី​ជលផល ​មាន​ឲ្យដឹងថា ​ដីនៅ​ចំណុច​ទួលតាមាន​ ស្ថិត​នៅភូមិក្បាលជ្រោយ ​ឃុំកំពង់ភ្នំ ​ស្រុក​លើកដែក ​ខេត្តកណ្ដាល ​ដែលគ្រឿង​ចក្រកំពុង​ឈូសឆាយ​លើក​ទំនប់​ព័ទ្ធ​យក​នោះ គឺ​ពិតជាដីអតីតឡូត៍នេសាទលេខ៦​ ប៉ុន្តែ​ក្រោយ​មក​រាជ​​រដ្ឋាភិបាល​ ​បាន​រំសាយ​ឡូត៍ ​ទុក​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​នេសាទ​ ជា​លក្ខណៈគ្រួសារ ។

ក្រុម​អ្នក​សារព័ត៌មាន​យើង ​​បាន​ចុះទៅ​ផ្ដិត​យករូបភាពផ្ទាល់ ​តាម​សេចក្ដីរាយការណ៍​ប្រាប់​ថា ​ឈ្មួញ​កំពុង​​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីដែន​នេសាទ​នេះ ​ពិត​ប្រកដមែន​ ​ហើយ​​បាន​រាយការណ៍​ជូន​លោក ​ចាប ​ច័ន្ទវិទ្យា ​អភិបាលស្រុកលើកដែក ​បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​ បាន​តែ​មួយ«ចំអិន​កំពិស​ ក៏​បន្ដ​សកម្មភាព​ឈូស​ឆាយដដែល ​» ។

ប្រភពព័ត៌មាន ​បានឲ្យដឹងថា ៖ ​បាន​ជា​ឈ្មួញ​ហ៊ាន​ដាក់គ្រឿងឈូសឆាយដីខាងលើ​យក​​ធ្វើ​ជា​កម្មសិទ្ធផ្ទាល់​​ខ្លួន​​បែបនោះ ក៏ព្រោះតែ​មានការឯកភាព ពីលោក ​នៅ ​ទូច មេឃុំកំពង់ភ្នំ ​ នឹងលោក ​ចាប ច័ន្ទវិទ្យា ​អភិបាល​ស្រុក​លើកដែក ​ដោយផ្អែកលើ ​លិខិតស្នើ​សំណើរ ​សុំ​ជីក​ប្រព័ន្ធ​ប្រឡាយ​រក្សាទឹក​ ភ្លឺ ១សន្លឹក​របស់​លោកស្រី ​ម៉ម សុខន​ ក្រោម​ហេតុផល​ទិញ​ពី​ពលរដ្ឋ ​ដែល​ពុំមាន​ចំណុច​ទីតាំង ព្រំប្រទល់​ច្បាស់​លាស់ទេ​ គ្រាន់តែប្រាប់ទំហំ៤២ ហិកតា ស្ថិត​នៅភូមិក្បាល​​ជ្រោយ ​ឃុំកំពង់ភ្នំ ​ស្រុកលើកដែក ប៉ុណ្ណោះ។

មហាជន នឹងពលរដ្ឋនៅតំបន់នោះ បានដាក់ការសង្ស័យថា ​ មូលហេតុដែលឈ្មួញមិនបញ្ជាក់ ព្រំប្រទល់​ ចំណុច​ទីតាំង​ ក្នុងលិខិតស្នើសុំឈូសឆាយ ​ក៏ព្រោះតែដីនោះជាដីអតីតឡូត៍​​នេសាទ​របស់រដ្ឋ ​ទើប​មិន​កំណត់ទីតាំង ​ដើម្បីងាយ​ស្រួល​ពង្រីក​​ទំហំដី​ លើក​ទំនប់​ព័ទ្ធយក​ រំកិល​ទីតាំង ​គ្មាន​ដែនកំណត់ ។ ម្យ៉ាងទៀតគេធ្វើបែបនេះ ​គឺ​សម្រាប់ដោះខ្លួន​ ទាំង​អាជ្ញាធរមន្ត្រីជំនាញ នឹងឈ្មួញ បើសិន​បែកធ្លាយរឿង ​ដល់​ប្រមុខដឹកនាំ ឬ ថ្នាក់ជាតិ។

ពាក់ព័ន្ធបញ្ហានេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ​នៅព្រឹកថ្ងៃទី១៤ ​ខែមករា ឆ្នាំ២០២០​ ​អ្នក​ព័ត៌មាន​យើង​ បាន​ភ្ជាប់​ទូរស័ព្ទ​ សុំ​ការ​បញ្ជាក់​ផង​ដែរ​ តែ​គ្មាន​អ្នក​ទទួល​ ។ ចំណែក​ លោក ប៊ុន នួនស៊ីម៉ូណា ​ប្រធាន​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តកណ្ដាល  ​បាន​ឲ្យដឹង ​នៅព្រឹកថ្ងៃទី១៤ ​ខែមករា នេះ​ថា ឈ្មួញ​យក​គ្រឿង​ចក្រទៅ​ឈូសឆាយ​ដីអតីតឡូត៍នេសាទលេខ៦​ រូបលោក​ មិនបាន​ដឹង​នោះទេ ​ព្រោះ​គេ​មិន​ប្រាប់​លោក​ ហើយ​ក៏​គ្មាន​សុំច្បាប់​​នោះដែរ ​​លោក​នឹង​បញ្ជាក់​កម្លាំង​ជលផល​ចុះ​ទៅ​ពិនិត្យ​មើល​ករណីនេះ ​។

ក្រុមអ្នកព័ត៌មានយើង ​បាន​ឃើញ​សកម្មភាព​ជាក់ស្ដែង ​ឈ្មួញ​កំពុង​ដាក់​គ្រឿងចក្រ ​ព្រមទាំង​ មាន​មេការ​ ចាំ​មើល​ការខុសត្រូវ​ បាន​ធ្វើសកម្មភាព​ឈូស​ឆាយ ​និង​ដុត​បំផ្លាញ​ដីព្រៃ​ ដែល​ជា​ជម្រក​ត្រី​ពងកូន ​ក្នុង​ដី​អតីតឡូត៍នេសាទលេខ៦ ​យ៉ាង​គគ្រឹកគគ្រេង​ គ្មាន​ញញើត​​នឹង​ច្បាប់ ​ព្រះរាជា​ណា​ចក្រកម្ពុជា ​បន្ដិច​ណាសោះ ? ​។ ​ករណី​នេះ មជ្ឈដ្ឋាន​​នានា​ ទាមទារ​ឲ្យ​ក្រសួងពាក់ព័ន្ធ ​ចុះ​ពិនិត្យ​​នឹង​ទប់ស្កាត់ ​ការ​ឈូស​ឆាយ​ខាង​លើ​ជា​បន្ទាន់​ ដើម្បី​ជៀសវាង​គំរូ​អាក្រក់​ដល់​ឈ្មួញ​ក្រោយៗទៀត ​ដែល​ហ៊ាន​រំលោភ​យក​ដីឡូត៍​នេសាទ ​ ​ នឹង​ដើម្បី​ថែរក្សា​សម្បត្តិធម្មជាតិ ​កន្លែង​ជម្រក​ត្រីពង​កូន ​ឲ្យនៅ​គង់វង្សផងដែរ​៕ (នៅមានត)

ដោយ ៖ 068 59 4000

ចំណែក